នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យនិងប្រធានការិយាល័យ បុគ្គលិករដ្ឋបាល
និងហិរញ្ញវត្ថុ ហិរញ្ញវត្ថុចំនួន ១រូប បានចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាងឯកឧត្តម
រស់ សីលវ៉ារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ
យុទ្ធី ប្រធានផ្នែករដ្ឋបាលហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់
និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ សហវ. រាជធានី ខេត្ត
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១
ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ
ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង អ.គ.ហ. និងមន្ទីរ សហវ.
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ
កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព,បញ្ហាប្រឈម
និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ,ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ
និងការបញ្ចប់រៀបចំរបាយការណ៍វិភាគSWOTរាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន
និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។